ហូលពិតានគឺជាក្រណាត់សូត្រ
- រចនាម៉ូតដោយដៃ
- ចងគោមដោយដៃ
- ជ្រលក់ពណ៌ដោយដៃនិង
- ត្បាញដោយដៃទៅតាមការចងគោម និងជ្រលក់ពណ៌ម៉ូតហូលពិតាននោះ។
ការតាំងបង្ហាញហូលពិតានគឺជាប្រពៃណីរបស់ខ្មែរតាំងពីយូរលង់ណាស់មកហើយ។ នាពេលបច្ចុប្បន្ននេះវត្តអង្គអណ្តែតគឺជាវត្តគំរូមួយដែលបានបន្សល់នៅប្រពៃណីបុរាណនេះដល់ពលរដ្ឋខ្មែរបានឃើញ ស្គាល់នៅប្រពៃណី និងជំនឿរបស់ខ្មែរដែលប្រជាជននៅទីនោះធ្លាប់បានធ្វើ និងគោរពតាំងពីបុរាណកាលមក។
ហូលពិតានត្រូវបានគេរចនាគោមទៅតាមការនិយមចូលចិត្តដូចជាគោមនាគ ហង្ស ក្ងោក សិង្ហ ដំរី ផ្កា ដើមឈើ និងគោមផ្សេងៗទៀតជាច្រើន។ ពិសេសជាងនេះទៅទៀត អ្នកតម្បាញមួយចំនួនបានរចនាគោមជាសាច់រឿងនៅក្នុងពុទ្ធិប្រវត្តិ រឿជាដក និងរឿងព្រេងនានាទាក់ទងទៅនិងជំនឿសាសនាផ្សេងៗ។
កាលពីសម័យដើម អ្នកភូមិដែលមានទ្រព្យសម្បត្តិស្តុកស្តំបានអោយអ្នកតម្បាញផលិតហូលជា សាច់រឿងក្នុងគោលបំណងយកទៅប្រគេនព្រះសង្ឃដើម្បីយកទៅព្យួរនៅព្រះវិហារ និងខ្លះទៀតចងជាពិតាននៅលើរូបបដិមាករ។ ចំណែកឯអ្នកភូមិដែលមិនសូវមាន ទ្រព្យធន គាត់សហការគ្នាប្រមូលបច្ច័យដើម្បីយកទៅជួលអ្នកតម្បាញឲ្យផលិត ពិតានយកទៅ ប្រគេនព្រះសង្ឃ។ តាមជំនឿពីបុរាណកាលមក គាត់ជឿថា ការថ្វាយហូលពិតាននឹងនាំឲ្យគាត់ត្រជាក់ត្រជុំ មានសេចក្តីសុខ និងបានទៅកើត នៅថានសួរ៌ ព្រោះគាត់បានធ្វើជាម្លប់និងបាំងធូលីកុំឲ្យធ្លាក់លើពុទ្ធិបដិមាករ ដែលតំណាង ឲ្យរូបព្រះសម្មាសម្ពុទ្ធិ។
បច្ចុប្បន្ននេះ ហូលពិតានមិនសូវបានទទួលស្គាល់ជាទំលំទូលាយនៅឡើយទេព្រោះ ខ្វះការទាំទ្រក្នុងការផលិត និងមិនសូវបានផ្សព្វផ្សាយដល់ប្រជាជន។ ចំណែកឯ ការផលិតវិញទាមទាររយៈពេលយូរ និងប្រើប្រាស់ថ្លៃដើមខ្ពស់ជាងហូលធម្មតា។ ការរក្សាទុកហូលពិតានច្រើនម៉ូត និងច្រើនផ្ទាំងដើម្បីស្វែងរកទីផ្សារត្រូវចំណាយ ថវិកាច្រើន។ ទោះជាមានការលំបាកក្នុងការស្វែងរកការគាំទ្រក៏ដោយ កីខ្មែរក៏នៅតែបន្តនៅវប្បធម៌តម្បាញហូលពិតាននេះតាមលទ្ធភាពផ្ទាល់ខ្លួនដើម្បី ថែរក្សានៅប្រពៃណីពីបុរាណនេះដើម្បីឲ្យអ្នកជំនាន់ក្រោយបានស្គាល់នៅភាព អស្ចារ្យរបស់បុព្វបុរសខ្មែរដែលបានបន្សល់នៅស្នាដៃដែលមានភាពច្នៃប្រឌិតក្នុង សម័យគ្មានបច្ចេកវិទ្យាទំនើបបន្តិចសោះ។
ការថែរក្សានៅវប្បធម៌តម្បាញនិងការអភិរក្សការជ្រលក់ពណ៌ធម្មជាតិគឺការងារ ដ៏សំខាន់ដែលសហគមកីខ្មែរព្យាយាមធ្វើដើម្បីបង្ហាញដល់ប្រជាជនខ្មែរបានស្គាល់ និងដឹងនៅវប្បធម៌របស់ខ្លួនតាំងពីយូរលង់ណាស់មកហើយនេះ។
ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រសហគមកីខ្មែរ ក៏ដូចជាអ្នកស្រលាញ់វប្បធម៌តម្បាញពណ៌ធម្មជាតិរបស់ខ្មែរទាំងអស់។ សូមសេចក្តីសុខ សុភមង្គល និងសេចក្តីចំរុងចំរើនកើតមានដល់ប្រពលរដ្ឋទាំងអស់គ្នា។ សូមអរគុណ !!!
@ ២០១៩ រក្សាសិទ្ធិដោយសហគមន៍កីខ្មែរ