សេចក្តីផ្តើម
ជំនាញតម្បាញប្រពៃណីពី បុរាណមកបានបន្តជាច្រើន ជំនាន់ពីមួយជំនាន់ទៅមួយ ជំនាន់ដើម្បីថែរក្សានូវ ប្រវត្តិសាស្ត្រការងារតម្បាញ ដោយដៃនៅកម្ពុជា។ ផលិតផលតម្បាញខ្មែរ បានបង្ហាញនូវការរចនាម៉ូត ដ៏អស្ចារ្យ ការជ្រលក់ពណ៌ ធម្មជាតិដ៏ស្រស់ស្អាត និងការត្បាញដោយផ្ចិតផ្ចង់ ជាមួយភាពអំណត់របស់ អ្នកត្បាញដែលបានរៀបចំនៅគ្រប់ដំណាក់ការក្នុងការធ្វើផ្ទៃ និងគាត (ការចងគោម និងជ្រលក់ពណ៌) ដោយដៃខ្លួនផ្ទាល់ដើម្បីផលិតជាក្រណាត់ដ៏ស្រស់ស្អាតមួយផ្ទាំងចេញពីពណ៌ធម្មជាតិ។ កាន់តែអស្ចារ្យ ជាងនេះទៅទៀតយើងនឹងមានការភ្ញាក់ផ្អើរនៅពេលឃើញការច្នៃម៉ូតគោមរបស់គាត់ដែលបានចងម៉ូត ផ្សេងៗពីគោមតូចតូចៗទៅគោមធំៗដោយ ការរួមបញ្ចូលនូវចំណងជាច្រើនដើម្បីក្លាយជាគោមទាំងមូល រឺរូបភាពមួយ។ វាទាមទារនូវពេលវេលា និង ភាពអំណត់ក្នុងការចងនិងជ្រលក់ពីពណ៌ទី១ ដល់ពណ៌ ទី៣នូវម៉ូត១ផ្ទាំង រឺ១ក្បិន (៤ម៉ែត្រ)។ ពួកគាត់ដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្ហាញនូវវាយនភ័ណ្ឌនៅ កម្ពុជា(តម្បាញដោយដៃ)។ សហគមន៍កីខ្មែរចង់ថែរក្សា និង បង្ហាញនូវយុគសម័យដែលគ្មានបច្ចេកវិទ្យា ដែលអ្នកតម្បាញខែ្មរបានផលិតនូវក្រណាត់ដ៏អស្ចារ្យពីសរសៃអំបោះ និងសរសៃសូត្រ។ ពួកគាត់បាន ប្រើប្រាស់នូវធនធានធម្មជាតិនៅជុំវិញសហគមន៍ដើម្បីផលិតអំបោះ និងពណ៌។ យើងខ្ញុំពិតជាសរសើរ នូវស្នាដៃដ៏អស្ចារ្យនិងមានភាពស្មុកស្មាញរបស់គាត់ក្នុងការផលិតក្រណាត់ដែលល្អចំពោះបរិដ្ឋាន។
សហគមន៍កីខ្មែរសូមបង្ហាញនូវដំណើរការសង្ខេបខ្លះៗ ស្តីពីជំនាញតម្បាញប្រពៃណី ដែលអ្នកតម្បាញខ្មែរ បានច្នៃនិងប្រើប្រាស់ក្នុងការផលិតសំពត់ហូល (ក្រណាត់ហូល)។ ការពន្យល់ខាងក្រោមនេះជាឧទាហរណ៍ នៃម៉ូតផ្កាចាន់ដែលជាម៉ូតបុរាណរបស់ខ្មែរ។
ម៉ូតផ្កាចាន់នៅលើសរសៃសូត្រ
យើងខ្ញុំសូមលើកយកនូវគម្រូម៉ូត៣៣ខ្នារគាត (ម៉ូតផ្កាចាន់) ដើម្បីបង្ហាញនូវដំណើរផលិត។ មាន៤ដំណាក់ការក្នុងការចងគោម និងជ្រលក់ពណ៌។ មុនពេលយើងចាប់ផ្តើមចងគោម យើងត្រូវតែខាល់សូត្រចាក់ដើម្បីចងគោមសិន។ យើងខាល់សរសៃសូត្រចំនួន៣៣ខ្នារគាតជាបាច់ល្មមអាចចងគោម និងជ្រលក់ពណ៌ចូលល្អសម្រាប់ចងគោមផ្កាចាន់មួយនេះ។ បន្ទាប់ពីខាល់រួច យើងត្រូវចាប់ចងជាយសងខាងបាច់សូត្រនិមួយៗដើម្បីងាយស្រួលក្នុងការចងគោមនៅកណ្តាល និងកុំឲ្យរអិលទៅមកនៅពេលចងគោម។ បន្ទាប់មកយើងវាស់នូវទំហំម៉ូតនិមួយៗដែលត្រូវចងដើម្បីចងនៅក្នុងស៊ំនោះឲ្យត្រូវតាមស៊ំទាំងមូល។ យើងចងគោមតែមួយចំហៀងទេព្រោះយើងអាចបញ្ចូលគ្នា នៅក្នុងដំណាក់ការត្បាញដដែលៗបាន។ សូមមើលតាមរូបខាងក្រោម។ សូមអានលម្អិតនូវដំណាក់ការត្បាញខាងក្រោម។
ការជ្រលក់ទឹកទី១ពីល័ក្ខខ្មែរតាមបែបប្រពៃណី
ល័ក្ខខ្មែរជាទូទៅត្រូវបានគេជ្រលក់នៅពណ៌ទី១ក្នុងចំនោម៣ពណ៌រឺច្រើនព្រោះយើងអាចទទួលបានពណ៌ ផ្កាឈូក រឺក្រហម។ ដើម្បីទទួលបានទឹកជ្រលក់ពណ៌ គេត្រូវស្ងោរំងាស់ដុំល័ក្ខខ្មែរឲ្យចេញ ចេញពណ៌ ក្រហម។ បន្ទាប់មកគេច្រោះយកកំទិចចេញ និងយកទឹកល័ក្ខនោះទៅជ្រលក់គាតដែលចង ចំណងរួច។ គេដាក់គាតដែលចងរួចទៅក្នុងខ្ទះរឺចានធុនទឹកល័ក្ខ។ គេត្រាំនិងពូតអំបោះគាតដែលបានចងដើម្បីឲ្យពណ៌ចូលសព្វល្អ។ បន្ទាប់មកគេចាប់ បោកគាតចំនួន៣០ដងម្ខាងៗ។ អ្នកតម្បាញធ្វើដដែលៗដោយត្រាំទឹកនិងពូតយកទៅបោកចំនួន៣០ដងម្ខាងចំនួន៥ទៅ៨ដងនែដំណាក់ការ
ទាំងអស់នេះដើម្បីធ្វើឲ្យគោមចូលពណ៌បានសព្វ និងស្មើពណ៌ល្អ។ ដើម្បីធ្វើឲ្យប្រាកថាពណ៌ចូលបានសព្វល្អ គេត្រូវពិនិត្យនូវគាតដោយកាត់ចំណង២រឺ៣ចំណងដើម្បីពិនិត្យពណ៌ខាងក្នុង។ ប្រសិនបើគេអង្កេតឃើញថានៅកណ្តាលបាច់ មានពណ៌ដូចគ្នាពណ៌ខាងក្រៅបាច់ គេនឹងហាលវាឲ្យស្ងួតទុកជ្រលក់ពណ៌បន្ទាប់ទៀត។
ការជ្រលក់ទឹកទី២ពីសំបកដើមព្រហ៊ូត
គេកាត់ចំណងខ្លះចេញដើម្បីជ្រលក់ពណ៌លឿង និងចងចំណងខ្លះដើម្បីរក្សាទុកពណ៌ក្រហម នៅក្នុងដំណាក់ការនេះ។ យើងស្ងោរសំបកព្រហ៊ូតយកពណ៌លឿង និងច្រោះយកទឹកនោះ ទៅត្រាំគាតដែលបានជ្រលក់ទឹកទី១។ យើងត្រាំ ពូត និងបោកគាតនោះដូចយើងធ្លាប់ធ្វើ ពីមុននៅក្នុងដំណាក់ការជ្រលក់ល័ក្ខខ្មែរ។ គាត់បោកគាត និងពិនិត្យពណ៌ដូចកាលពីលើកមុនដែរ។ នៅពេលគាត់កាត់ចំណងគាតចេញ និងពិនិត្យឃើញថាពណ៌មិនបានចូលសព្វទេ គាត់បន្តត្រាំ ពូត និងបោកគាតនោះម្តងទៀត។ ប្រសិនបើវាចូលពណ៌ស្មើល្អហើយ គាត់ឈប់ និងហាលគាតនោះទុកជ្រលក់ពណ៌នៅដំណាក់ការបន្តទៀត។
ការជ្រលក់ពណ៌ទឹកទី៣ ចេញពីផ្លែមក្លឿ
ដំណាក់ការនេះសំខាន់ណាស់និងទាមទារពេលវេលាក្នុងការធ្វើវាព្រោះ យើងត្រូវការចង ពណ៌ដែលបានជ្រលក់រួចដែលយើងចង់រក្សាទុក និងកាត់ចំណងចេញនៅចំណែកពណ៌ខ្លះ ដើម្បីជ្រលក់ពីលើពណ៌ទាំងនោះ។ គាត់ចងឡើងវិញនូវពណ៌ក្រហមចាស់ និងពណ៌លឿងដែល យើងចង់រក្សាទុកគោមនោះ និងជ្រលក់ផ្នែកដ៍ទៃទៀតឲ្យក្លាយជាពណ៌ត្នោតចាស់ដូចពណ៌ផ្ទៃ ខាងក្រោយគោម។
ការខាល់គាតចូលខ្នារគាត
បន្ទាប់ពីជ្រលក់ពណ៌ទាំងអស់គ្រប់ហើយ និងហាលឲ្យស្ងួត រួចមកអ្នកតម្បាញកាត់ចំណងទាំងអស់ចេញ និងខាល់ដាក់ខ្នារសម្រាប់ត្បាញ។ យើងខាល់ពីខ្នារទី១ដល់ខ្នារទី៣៣តាមលំដាប់។ យើងត្រូវតែប្រុងប្រយ័ត្ននូវការខាល់គាតឲ្យតាមលំដាប់ខ្នារគាត។ ប្រសិនបើយើងខាល់ខុសលេខរៀង យើងមិនអាចត្បាញគោមដូចអ្វីដែលយើងបានចងនោះទេ និងមានការលំបាកក្នុងការបញ្ចូលគោម រឺចេញគោម ខុស។ ប្រសិនបើយើងខាល់ពីលេខ១ ដល់លេខ៣៣ យើងត្រូវតែត្បាញពីលេខ១ដល់លេខ៣៣ផងដែរ។
ការត្បាញ
យើងចាប់ផ្តើមត្បាញពីខ្នារលេខ១។ យើងត្បាញពីលេខ១ដល់៣៣។ នៅពេលយើងត្បាញដល់ខ្នារទី៣៣ យើងត្រូវតែត្បាញបញ្ច្រាសមកវិញពី៣៣ ៣២ ៣១ ៣០ …… និងចុងក្រោយលេខ១វិញ។ ម៉ូតមួយចំហៀងដែលគាត់បានចងនឹងផ្គុំចេញជាម៉ូតផ្កាចាន់ទាំងមូល។ ការត្បាញ និងការច្នៃម៉ូតគោមមានទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីផ្គុំគោមទាំងមូល។
សរុបរួមមក ជំនាញតម្បាញដោយដៃទាមទារពេលវេលាក្នុងការផលិត និងតំរូវឲ្យមានការអត់ធ្មត់នៅគ្រប់ដំណាក់ការនិមួយៗ។ ជាមធ្យម អ្នកតម្បាញអាចត្បាញម៉ូតហូលសាម័ញ្ញបានចំនួន១ក្បិន(៤មែត្រ)ក្នុង១ខែ។ ម៉ូតស្មុកស្មាញត្រូវការពេលវេលាច្រើនក្នុងការចងគោម។ ពួកគាត់អាចំណាយពេលពី៣ខែ ទៅ១ឆ្នាំក្នុងការច្នៃម៉ូត និងត្បាញគោមស្មុកស្មាញខ្លាំង(គោមរូបភាព)។ គោមរូបភាពនោះរួមមានដូចជា រឿងពុទ្ធិប្រវត្តិ គោមសត្វធំៗ គោមទេសភាព និងរឿងព្រេងផ្សេងៗ។ ខាងក្រោមនេះជាសម្ភារៈសម្រាប់ជ្រលក់ពណ៌គាតៈ
ប្រសិនបើលោកអ្នកមានគំនិតបន្ថែម និងចង់បង្ហាញនូវគំនិតយោបល់ សូមផ្ញើរមកកាន់អ៊ីម៉ែលរបស់យើងខ្ញុំ info@keikhmer.org ។ យើងខ្ញុំស្វាគមន៍ និងបើកទូលាយនូវគំនិតស្ថាបនាដើម្បីកែលំអរការងាររបស់យើងខ្ញុំ។ សូមអរគុណនូវការគាំទ្រតម្បាញខ្មែរ!!!